វីរបុរស ដែលប្រជាជាតិខ្មែរស្ទើរតែលែងស្គាល់!
ព្រះតេជព្រះគុណ ហែម ចៀវ គឺជាអ្នកតវ៉ាប្រឆាំងនឹងបារាំងដ៏ខ្លាំងក្លារហូតត្រូវពួកបារាំងចាប់ដាក់គុករហូតអស់ព្រះជន្ម។
-------------------------------------------------------------------
អាចារ្យ ហែម ចៀវ ជាកូនកសិករ នៅខេត្តកំពង់ស្ពឺ បានចូលបួសជា ព្រះសង្ឃ នៅអាយុ ១២ឆ្នាំ រហូតបានធ្វើជា សាស្រ្តាចារ្យ នៅ សាលាបាលីជាន់ខ្ពស់ ឆ្នាំ ១៩៣២។ ជា មហាថេរ មួយអង្គ យល់ឃើញប្រជារាស្រ្តខ្មែរ មានការជិះជាន់ពីអ្នកដទៃ មាន ចិន យួន បារាំង ជាដើម។ ព្រះអង្គបានទេសនារំព្ញកឲ្យខ្មែរសាមគ្គីគ្នា រើបំរះពីអ្នកជិះជាន់ទាំងនោះ រើពីនឹមអាណានិគមបារាំង ដែលជាហេតុធ្វើឲ្យបារាំងចាប់ផ្សឹកចាប់នាំយកទៅដាក់គុកនៅកោះត្រឡាច។ អាចារ្យ ហែម ចៀវ បានសុគតនៅលើកោះនេះក្នុងអាយុ ៤៥ឆ្នាំ។ លោកបានក្លាយជា វីរបុរសដ៏ឆ្នើម ខាងនយោបាយ រហូតមកដល់សព្វថ្ងៃនេះ។
អាចារ្យ ហែម ចៀវ ប្រសូត្រថ្ងៃអង្គារ ឆ្នាំច ព.ស. ២៤៤០ គស ១៨៩៨ នៅភូមិអូរកូនទេញ (កោណ្ឌ័ញ្ញ) ឃុំ ដំបូកមានលក្សណ៍ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (នៅខាងជើង ជិតស្ថានីយរថភ្លើងបាត់ដឹង)។ ឪពុកឈ្មោះ ហែម ជាមេស្រុក ដំបូកមានលក្សណ៍ ម្តាយឈ្មោះ ទីវ។ គ្រួសារនេះមានបងប្អូន៥នាក់គឺ៖
ហែម លី
ហែម ចៀវ
ហែម ហួត
នាងហែម សុច
ហែម សាយ
បងប្រុសលោកឈ្មោះ ហែម លី ធ្វើជាស្មាក្ដី (មេធាវី)ក្រោយមកធ្វើជាមេស្រុកតពីឪពុក។ នៅពេលអាយុបាន ១២ឆ្នាំ ឪពុកបាននាំ កុមារ ហែម ចៀវ ទៅប្រគេនព្រះសង្ឃ សត្ថា ជួន ណាត វត្តឧណ្ណាមលោម ក្រុងភ្នំពេញ ដើម្បីរៀនសូត្រអក្សរសាស្រ្ត។ កុមារ ហែម ចៀវ តែងតែទៅតាមបម្រើស្តាប់ការទូន្មានធម៌ទេសនា ព្រះសត្ថា ជួន ណាត រហូតបាក់ចិត្តបួសធ្វើជា សាមណេរ ក្នុងអាយុ ១៦ឆ្នាំ។ លុះបានអាយុ ២០ឆ្នាំ សាមណេរ ហែម ចៀវ បានបំពេញឧបសម្បទាជា ភិក្ខុភាវៈ ក្នុងវត្តលង្កា។ បានជា ភិក្ខុ ហើយ លោកក៏បានប្រឡងចូលរៀន សាលាបាលីជាន់ខ្ពស់។ ការសិក្សាចំនួន ៧ឆ្នាំ ធ្វើឲ្យលោកចេះដឹង ផ្លូវលោក ផ្លូវធម៌ អាចប្រើការបាន។ គម្រប់ឆ្នាំទី ៧ លោកបានប្រឡងជាប់យក សញ្ញាប័ត្រ ឌីប្លូម សាលាបាលីជាន់ខ្ពស់ ជាប់លេខ ៦ ខាងភាសាបាលី។
នៅឆ្នាំ ១៩២៧ លោក រ៉េស្យូម ជនជាតិ បារាំង ជារ៉េស៊ីដង់ ខេត្តកំពត ត្រូវការលោកសង្ឃ មួយអង្គ មានសញ្ញាប័ត្រ សាលាបាលីជាន់ខ្ពស់ ទៅបង្រៀនអក្សរសាស្រ្តខ្មែរ នៅខេត្តកំពត។ ដោយមានការជួយជ្រោមជ្រែងពី ព្រះសត្ថា ជួន ណាត ភិក្ខុ ហែម ចៀវ បានទៅបង្រៀននៅ ខេត្តកំពត មានមជ្ឈមណ្ឌលពីរ៖ វត្តក្រាំងដូង ស្រុកបន្ទាយមាស និង វត្តកន្ថោ ស្រុកកំពង់ត្រាច។ ភិក្ខុ ហែម ចៀវ បានបង្រៀន ៦ឆ្នាំ នៅខេត្តកំពត ទើបបានវិលត្រឡប់មកភ្នំពេញវិញ នៅឆ្នាំ ១៩៣២ រួចបានប្រឡងជាប់ជា សាស្រ្តាចារ្យ នៅសាលាបាលីជាន់ខ្ពស់ ក្នុងឆ្នាំនោះ។
នៅឆ្នាំ ១៩៣៦ បញ្ញវ័ន្តខ្មែរបីរូបគឺ លោក ស៊ឺង ង៉ុកថាញ់, ប៉ាច ឈឺន និង ស៊ឹម វ៉ា បានបង្កើត កាសែតបញ្ចេញមតិ “នគរវត្ត”។ លោក ប៉ាច ឈឺន ជា ចាងហ្វាងនយោបាយកាសែតនេះ។ កាសែតនេះ ផ្សព្វផ្សាយគំនិតកំណែទម្រង់សង្គម ជួយ កសិករអ្នកក្រីក្រប្រឆាំងទៅការធ្វើអាជីវកម្មពីសំណាក់ ចិន យួន មានគំនិតជា “ជាតិ-សង្គមនិយម”។ លើសពីនេះ កាសែត “នគរវត្ត” បំផុសបំផុលគំនិតទាមទារ ឯករាជ្យ ពីបារាំង។ នៅពេលនោះ កាសែតបានចេញផ្សាយ ៥០០ច្បាប់ ម្តងៗ មានអ្នកគាំទ្រ អ្នកអាន ទាំងគ្រហស្ថទាំងបុព្វជិត។ ផ្នែកព្រះសង្ឈមាន អាចារ្យ ប៉ាង ខាត់, អាចារ្យ សូរ ហាយ និង អាចារ្យ ខៀវ ជុំ។ ព្រះសង្ឃ ហែម ចៀវ តែងតែទេសនាបញ្ចេញគំនិតបដិវត្តន៍ មានទាំងទៅទេសនានៅ បន្ទាយទាហានខ្មែរ ឲ្យភ្ញាក់រព្ញកទៀតផង។ ចំពោះបារាំងវិញ ភិក្ខុ ហែម ចៀវ មានសង្ឃដីកាថា “ប្រទេសយើង មិនដឹងពេលណា រួចពីខ្ញុំបារាំងទេ។ បារាំងមកត្រួតត្រាស្រុកយើងហិនហោចទ្រព្យសម្បត្តិអស់…អាត្មាធ្វើបុណ្យរាល់ថ្ងៃ បួងសួងសុំឲ្យខ្មែរបាន ឯករាជ្យ មកវិញ ដើម្បីកុំឲ្យបរទេសជិះជាន់យើងតទៅទៀត”។
នៅឆ្នាំ ១៩៤០ កងទ័ពជប៉ុន បានចូលមកដល់ឥណ្ឌូចិន ដើម្បីវាយកំចាត់សត្រូវរបស់ខ្លួន គឺ បារាំង។ នៅកម្ពុជា វត្តមានកងទ័ពជប៉ុន ជាបង្អែកមួយ សម្រាប់អ្នកប្រឆាំងបារាំង។ លោក សឺង ង៉ុកថាញ់ តែងតែទៅបន្ទាយទ័ពជប៉ុន សុំការគាំទ្រពីជប៉ុន។ ក្រុមបដិវត្តន៍បានតស៊ូធ្វើសកម្មភាពរបស់ខ្លួនមមាញឹក ដើម្បីដើរឲ្យទាន់ស្ថានការណ៍សាកលលោកនៅអឺរ៉ុប ជាពិសេស នៅឥណ្ឌូចិន។ ភិក្ខុ ហែម ចៀវ បាននិមន្តទៅអប់រំខ្មែរស្រុកស្រែចំការជាញឹកញយ ដើម្បីសុំការឧបត្ថម្ភqqពីប្រជារាស្រ្តគ្រប់មធ្យោបាយ ទាំងផ្លូវចិត្ត និង ផ្លូវសម្ភារៈ។ នៅថ្ងៃ ១៧ កក្កដា ១៩៤២ មានចាងហ្វាងគិញបារាំងម្នាក់ និង លេខាធិការខ្មែរពីរនាក់ទៀត មានទាំងកាន់សំណុំលិខិតផង បានទៅជួប លោក អ៊ឹង អ៊ី នាយករដ្ឋមន្រ្តី, លោក ទា សាន រដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ និង ធម្មការ, លោក ជុំ មួង (លេខាធិការ លោក ទា សាន)។ លោក ទា សាន បានបញ្ជាទៅ លោក ជុំ មួង ឲ្យទៅនិមន្ត ភិក្ខុ ហែម ចៀវ។ ពេលដែល ភិក្ខុ ហែម ចៀវ និមន្តមកដល់ លោក ទា សាន បានបង្គាប់ឲ្យ ផ្លាស់ស្បង់ចីពរ ពីខ្លួន ស្លៀកពាក់ខោអាវ រួចបារាំងនាំខ្លួនបាត់ទៅ។ ក្នុងពេលជាមួយគ្នា លោក នួន ឌួង ជាសិស្ស ភិក្ខុ ហែម ចៀវ ធ្វើការក្រុមជំនុំព្រះត្រ័យបិដក ក៏ត្រូវគិញបារាំងចាប់នៅឯផ្ទះដែរ។
នៅថ្ងៃ ២០ កក្កដា ១៩៤២ គ្មាននៅរង់ចាំទេ ៣ថ្ងៃក្រោយមក មានបាតុកម្មលើកទី១ កើតមាននៅក្នុងទីក្រុងភ្នំពេញ ទាមទារឲ្យបារាំងដោះលែង អាចារ្យ ហែម ចៀវ លោក នួន ឌួង។ ក្នុងចំណោមមេដឹកនាំបាតុកម្ម មាន លោក សឺង ង៉ុកថាញ់, ប៉ាច ឈឺន, ប៊ុណ្ណ ចាន់ម៉ុល, ជុំ មួង, ភិក្ខុ ប៉ាង ខាត់, អ៊ុក ជា, ខៀវ ជុំ…..រួមមានគ្នារាប់ពាន់នាក់ ដៃកាន់ដងបដា “យើងខ្ញុំ សូមឲ្យដោះលែង លោកគ្រូអាចារ្យ ហែម ចៀវ និង លោក នួន ឌួង មកវិញ” ដើរសំដៅទៅវិមានទេសាភិបាលបារាំង។ បាតុកម្មនេះ បានក្លាយទៅជាការប្រយុទ្ធគ្នារវាង បាតុករទៅពួកគាំទ្របារាំង។ ខាងបាតុករ មានប្រើ ដុំថ្ម ដំបង បាញ់កូនតឹង ព្រះសង្ឃក៏បានបើកឆ័ត្រការពារខ្លួនដែរ។ ពេលកំពុងវាយប្រឡូកគ្នា ឬ បន្ទាប់ពីបាតុកម្ម មានបាតុករជាច្រើនត្រូវបានបារាំងចាប់ មាន លោក ប៉ាច ឈឺន, ប៊ុណ្ណ ចាន់ម៉ុល,…។ លោក សឺង ង៉ុកថាញ់ បានគេចទៅបាងកក ភិក្ខុ អ៊ុក ជា, ខៀវ ជុំ បានគេចទៅសៀមដែរ (ភិក្ខុ អ៊ុក ជា គង់នៅស្រុកសៀមរហូតមក) ភិក្ខុ ប៉ាង ខាត់ គេចរួច ហើយក៏ប្រគល់ខ្លួនឲ្យបារាំងវិញ លោក ជុំ មួង គេចទៅបាត់ដំបង…។ ខ្មែរស្នេហាជាតិ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ដែលគេចាប់បាន គេដាក់ក្នុងទីឃុំឃាំង រួចបញ្ជូនទៅគុកធំភ្នំពេញ ទុកកាត់ទោស។
ជនជាប់ទោស ត្រូវបានបារាំងបញ្ជូនតាមកប៉ាល់ ពីគុកធំភ្នំពេញ ទៅគុកធំព្រៃនគរ ដើម្បីរង់ចាំការកាត់ទោស។ អ្នកទោសទាំងនោះមាន អាចារ្យ ហែម ចៀវ, នួន ឌួង, ប៉ាច ឈឺន, ប៊ុណ្ណ ចាន់ម៉ុល ។ល។ លោក ប៊ុណ្ណ ចាន់ម៉ុល បានត្រូវទទួលទោសជាប់គុក ៥ឆ្នាំ និង និរទេសមិនឲ្យចូលស្រុក ១៥ឆ្នាំ ទៀត។ អាចារ្យ ហែម ចៀវ, នួន ឌួង និង ប៉ាច ឈឺន ជាដំបូងត្រូវទទួលទោសប្រហារជីវិត តែត្រូវ លោក សេនាប្រមុខ ប៉េតាំង ប្រមុខរដ្ឋាភិបាលបារាំង អនុញ្ញាតឲ្យលោកទាំង៣រូប ជាប់គុកមួយជីវិត ដោយធ្វើការជាទម្ងន់។ នៅខែមិថុនា ១៩៤៣ អ្នកទោសទាំងនោះ បានត្រូវបារាំងបញ្ជូនទៅគុកធំនៅ កោះត្រឡាច។ កោះត្រឡាច មានវិសាលភាពធំធេង ស្ថិតនៅក្នុងសមុទ្រចិនប៉ែកខាងត្បូង មានផ្ទះរាប់រយខ្នងសង់តាមមាត់សមុទ្រ…ព្រៃព្រឹក្សាគ្របលើភ្នំ ដីមានជីជាតិ។ គុកនេះ មានដាក់អ្នកទោសនយោបាយកម្រិតធ្ងន់ ខ្មែរ-យួន ខាងយួនមាន ផាំ វ៉ាន់ដុង និង ពួកឧក្រិដ្ឋជនដទៃទៀត។ អាចារ្យ ហែម ចៀវ បានទទួលមរណៈក្នុងជន្មាយុ ៤៥ឆ្នាំ ១៩៤៣។
៣០ឆ្នាំ ក្រោយមក នៅក្នុងរបបសាធារណរដ្ឋខ្មែរ លោក ប៊ុណ្ណ ចាន់ម៉ុល ដែលរួចពីគុករស់រានមានជីវិតបាននាំ អដ្ឋិធាតុ អាចារ្យ ហែម ចៀវ ពីកោះត្រឡា មកធ្វើបុណ្យនៅភ្នំពេញ ក្រោមអធិបតីភាព នៃសម្តេចសង្ឃទាំងពីរគណៈ និង លោកប្រធានធិបតី លន់ នល់ នៅថ្ងៃទី៤ កក្កដា ១៩៧២។ ធាតុនេះ តំកល់ទុកនៅ វត្តឧណ្ណាមលោម ប្រកាសនីយប័ត្រ រដ្ឋបុរសឃាតិនៅថ្ងៃទី ២០ កក្កដា ១៩៧២ មានហត្ថលេខា សេនាប្រមុខ លន់ នល់ “ប្រជាជាតិខ្មែរ សូមតម្កល់ លោកគ្រូ ហែម ចៀវ ទុកជា រដ្ឋបុរសជាតិ និង ជាគំរូដ៏ឧត្តម សម្រាប់កុលបុត្រខ្មែរទូទៅ”។
No comments:
Post a Comment